កាលពីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ ឯកឧត្តម
កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានអនុញ្ញាតិឲ្យ ក្រុមហ៊ុនផលិតកម្ម Vertigo Pictures ដែលជាផលិតកម្មមួយកំពុងថតនូវភាពយន្តឯកសារ ឲ្យស្ថានីយទូរទស្សន៍Channel NewsAsia ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី ចូលជួបធ្វើបទសម្ភាសន៍ ជាមួយឯកឧត្តមផ្ទាល់នៅសាលារាជធានី។
កិច្ចសម្ភាសន៍នេះ បានផ្តោតសំខាន់ទៅលើភាពរីកចំរើនផ្នែកសេដ្ឋកិច្ច ដ៏អស្ចារ្យ របស់កម្ពុជាក្នុងរយៈពេលកន្លងមក ព្រមទាំងសក្តានុពលនានា របស់ប្រទេសនេះ ដើម្បីប្រឡូកខ្លួនក្នុងស្ថានភាពសេដ្ឋកិច្ចបែបប្រកួតប្រជែងក្នុងតំបន់។ ឯកសារសម្ភាសន៍នេះ បានលើកយកបញ្ហាការដោះដូរដីធ្លីសំរាប់អភិវឌ្ឍរាជធានីភ្នំពេញ ធ្វើជាចំនុចសំខាន់មួយ ក្នុងចំណោមខ្លឹមសាររួម ទាំងមូល ហើយក៏ចង់បង្ហាញ អំពីការអភិវឌ្ឍន៍ដែលកើតចេញពីការប្រែក្លាយតំបន់មិនរៀបរយ ទៅជាទីតាំងសំរាប់ វិស័យពាណិជ្ជកម្ម និងឧស្សាហកម្មជំនួសវិញ។
ឯកឧត្តម
កែប ជុតិមា បានលើកឡើងអំពីការវិវត្តន៍បន្តិចម្តងៗ ចាប់ផ្តើមពីក្រោយថ្ងៃរំដោះ៧មករា រហូតដល់បានសន្តិភាពពេញលេញ បរិបូណ៌ តាមនយោបាយឈ្នះៗ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងការលូតលាស់យ៉ាងខ្លាំង ជាមួយនឹងកំណើនសេដ្ឋកិច្ចពីរខ្ទង់ ដែលធ្វើ ឲ្យមានកំណើនប្រជារាស្រ្ត នាំឲ្យមានការពង្រីកទីក្រុងដោយខ្លួនឯង (Self development) គឺជាកត្តាមិនអាចជៀសវាងបាន។ ហេតុដូចនេះហើយ សាលារាជធានី បានរៀបចំប្លង់គោលតំរង់ទិសអភិវឌ្ឍន៍ រហូតដល់ឆ្នាំ ២០២០ ដោយមានការបែងចែកជាតំបន់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម តំបន់ឧស្សាហកម្ម តំបន់កសិកម្ម និងតំបន់ការពារបរិស្ថាននានា (Green Space) ដ៏ទៃទៀត។
ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍន៍ បញ្ហាចរាចរណ៍ បញ្ហាបរិស្ថាន
បញ្ហាលំនៅដ្ឋានគឺជាបញ្ហាប្រឈម និងជាបន្ទុក របស់អាជ្ញាធរដែលត្រូវ ដោះស្រាយ។ ឆ្លើយតបនឹងសំនួរដែលទាក់ទងនឹងវិធានការសងសំណង ដល់ម្ចាស់ដីធ្លី ដែលប៉ះពាល់ដោយសារការអភិវឌ្ឍន៍ឡើងវិញ ឯកឧត្តមអភិបាល បានបញ្ជាក់ថា ការអភិវឌ្ឍន៍ឡើងវិញនេះ មានពីរប្រភេទ គឺការអភិវឌ្ឍន៍ ដែលផែ្អកលើផែនការវិនិយោគសាធារណៈ និងការអភិវឌ្ឍន៍របស់ វិស័យឯកជន។
ការអភិវឌ្ឍន៍តាមផែនការវិនិយោគសាធារណៈ ដូចជាការសាងសង់ ប្រព័ន្ធផ្លូវ-ថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈផ្សេងទៀត ដែលប៉ះពាល់ដល់កម្មសិទ្ធិដីធ្លីឯកជនស្របច្បាប់ ដោយជៀសពុំរួច នោះការទូទាត់សំណង គឺផែ្អកលើច្បាប់អស្សាមិករណ៍ ដែលការសងដីធ្លី ផ្ទះសំបែង ផ្អែកតាមតំលៃ ទីផ្សារ។ ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋ មកចូលទន្ទ្រានដីរដ្ឋដោយខុសច្បាប់ គឺយើងអនុវត្តតាមសារាចរលេខ ០៣ ស្តីពីដោះស្រាយសំណង់បណ្តោះអាសន្នលើដីរដ្ឋ ករណីនេះយើងផ្តល់
គោលនយោបាយតាមគោលការណ៍ សប្បុរសធម៌ មិនមែនជាសំណងទេ។
រីឯ
ការអភិវឌ្ឍន៍ដោយក្រុមហ៊ុនឯកជន គឺជាការចរចារ តំលៃទិញលក់រវាងក្រុមហ៊ុនឯកជន និងម្ចាស់ដីធ្លី ដែលប៉ះពាល់ គំរោងអភិវឌ្ឍន៍ទាំងនោះតាមតំលៃទីផ្សារសេរី ដូចនេះវិធានការដោះស្រាយសំណងគឺយុត្តិធម៌សមរម្យ បំផុត។ ថ្វីល្បិតតែមានប្រជាជនតិចណាស់ដែលមិនស្របនឹងសំណងនេះ មានប្រជាជនភាគច្រើនបានយល់ថាសំណង មានភាពសមរម្យ ព្រោះសាលារាជធានីភ្នំពេញធ្វើការអភិវឌ្ឍន៍ ដោយសំលឹងមើលអនាគតវែងឆ្ងាយ គឺចក្ខុវិស័យ រយៈពេលវែង និងសំរាប់អ្នកភាគច្រើន ដូចប្រទេសនានាដែលកាន់លទ្ធិប្រជាធិបតេយ្យដែរ។
ឯកឧត្តម
កែប ជុតិមា ក៏បានបំភ្លឺទៀតថា ភ្នំពេញជារាជធានី ដែលមានសន្តិសុខល្អ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សង្គម ដែលមានប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងជីវភាពធូរធារ។ ភ្នំពេញជាទីក្រុង ដែលមានកំណើន សេដ្ឋកិច្ចខ្ពស់ ជាទីក្រុងមានភាពទាក់ទាញការវិនិយោគ ទាំងបរទេស ទាំងក្នុងស្រុក ហើយទស្សនវិស័យរបស់ ឯកឧត្តមសំរាប់រាជធានីភ្នំពេញ ដែលប្រកបដោយសោភ័ណភាពល្អ បរិស្ថានល្អ មជ្ឈមណ្ឌលទេសចរណ៍ដ៏ល្បី និងប្រកបដោយភាពប្រកួតប្រជែង ដើម្បីប្រែក្លាយភ្នំពេញ ឲ្យទៅជា
ទីក្រុងគុជ ក្នុងតំបន់អាស៊ីអគ្នេយ៍នេះម្តងទៀត ព្រមជាមួយប្រជាជន នឹងបានទទួលផលចំណេញ ពីការរីកចំរើនដូចបានរៀបរាប់ទាំងនេះ។