សិស្សតាមបណ្តាវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ​កំពុងពេញ​និយម​ សិក្សាភាសាជប៉ុន
Wednesday, 30 Mar 2011 10:00
ជប៉ុនជាប្រទេសមួយដែលមានទំនាក់ទំនងកិច្ចសហប្រតិការយ៉ាងល្អ ខាង​វិស័យ​នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយនឹងប្រទេសកម្ពុជា ហើយ​ប្រទេសនេះ មានសក្កានុពលភាព សេដ្ឋកិច្ចរីកចម្រើន ដោយសារ​វិស័យ​ឧស្សាហ​កម្ម ក្នុងនោះដែរជប៉ុន​ក៏ជាប្រទេសជាប់ចំណាត់ថ្នាក់​មុខ​គេ ក្នុងការ​ផ្តល់ជំនួយនានាដល់ប្រទេសកម្ពុជា ផងដែរ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយនេះ ​ក្នុង​ស្រទាប់​សិស្សា​នុ​សិស្សភាគច្រើន មានការនិយមសិក្សា​ភាសាជប៉ុន ជា​ពិសេស​​​នៅ​រាជ​ធានី​ភ្នំពេញ។ ដោយឡែកក្នុងពេល​ថ្មីៗ​នេះ​នៅសាលា​រាជធានី​ភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១១ លោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញ បានជួប​ពិភាក្សា​ការងារ ជាមួយ អង្គការ NGO ALC Communications ក្នុងការសុំគាំទ្រដើម្បីរៀបចំការ​ប្រឡង ថ្លែង​​​​សុន្ទរកថាជាភាសា​ជប៉ុនលើក​ទី៤ ដែលនឹងប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១ខាង មុខនេះ។ អ្វីដែលអង្គការ បង្កើតឱ្យមានការ​ប្រឡង​ប្រជែង​នេះឡើង គឺដោយសារសិស្សនៅតាមបណ្តាវិទ្យាល័យ​នានា​ រៀនភាសាជប៉ុនច្រើន​ ហើយដើម្បី​លើក​ទឹក​ចិត្ត​ ទើប​អង្គការ​នឹងរៀបចំឱ្យមានការប្រឡងប្រជែង សំដៅឱ្យ​ពួកគេ​មាន​ឱកាសក្នុងការ​បញ្ចេញសម្ថភាព និងមានសេចក្តីក្លាហាន។
លោកស្រី យ៉ាសុអិ អ៊ុយស៊ី (Yasue OISHI) នាយកអង្គការ ALC Communication បានថ្លែងអំណរគុណចំពោះ ការផ្តល់ពេលវេលាក្នុងជំនួបនេះ ជាពិសេសចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានជ្រោមជ្រែងនៅពេល ដែលប្រទេសជប៉ុនជួបបញ្ហា និងគ្រោះមហន្តរាយ។ លោកស្រីបានរំលឹកពីឆន្ទៈគោលបំណង និងដំណើការនៃអង្គការ នេះឡើងគឺដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ហើយការងារដែលកំពុងធ្វើ គឺបង្កើតទំនាក់ទំនងល្អរវាង ប្រទេសទាំងពីរ។ ក្នុងនោះអង្គការលោកស្រីមានការផ្តល់អាហាររូបករណ៍ផ្នែកភាសាជប៉ុន ចំពោះវិស័យសុខាភិបាល ដោយបានបញ្ជូនវេជ្ជបណ្ឌិត ទៅរៀនដើម្បីផ្លាស់ប្តូរបចេ្ចកទេសបន្ថែមនៅប្រទេសជប៉ុន បណ្តុះ​បណ្តាល​​​ធនធាន មនុស្ស ដើម្បីបម្រើទីផ្សារការងារ និងមានការកែច្នៃផលិតផលកាហ្វេពីប្រទេសកម្ពុជា នាំទៅលក់​នៅ​ទីផ្សារ​បរទេស ដើម្បីរកចំណូលក្នុងការដំណើរការរបស់អង្គការ។ លោកស្រីសំណូមពរ ឱ្យសាលារាជធានីភ្នំពេញ ជួយផ្សព្វផ្សាយ ឱ្យសិស្ស និស្សិត យកចិត្តទុកដាក់រៀនភាសាជប៉ុន បន្ថែមទៀត ដើម្បីបង្កើតធនធានមនុស្សខាងភាសាជប៉ុន ជាពិសេសសូ​ម​សាលា​រាជធានី ចូលរួម និងជួយឧបត្ថម្ភគាំទ្រផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់សិស្សដែលទទួល បានជ័យលាភី។ លោកស្រី​បាន​បញ្ជាក់​ថា អ្នកដែលទទួលបានចំណាត់ថ្នាក់លេខ១ និងបានទៅចូលរួមប្រឡងប្រជែង នៅប្រទេសជប៉ុន ជាមួយសិស្ស​វិទ្សាល័យមកពី១២ប្រទេសផ្សេងៗទៀត។
នាឱកាសនោះលោក ត្រាក់ ថៃសៀង បានចូលរួមរំលែក​ទុក្ខ​ចំពោះ​រាជ​រដ្ឋា​ភិបាល និងប្រជាជនជប៉ុន ដែលបានជួបនូវមហន្តរាយដ៏អាក្រក់នេះ ព្រមទាំងសម្តែងនូវកិច្ចស្វាគមន៍ គាំទ្រ​សហការ​ជាមួយអង្គការលោកស្រី ព្រោះសាលារាជធានីភ្នំពេញ ត្រៀមលក្ខណៈ​ជានិច្ចក្នុងការគាំទ្រ ជាមួយ​អង្គការ​​ក្រៅរាជរដ្ឋាភិបាលនានា ដែលមាន និន្នាការជួយជម្រុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេស​សាលា​រាជ​ធានី​ភ្នំពេញ។ ជាមួយគ្នានោះដែរ លោក អភិបាលរង ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ក្នុងការធ្វើយ៉ាងណាដើម្បី​ឱ្យ​អង្គការ ទទួលបានជោគជ័យ ព្រមទាំងបានស្នើសុំឱ្យអង្គការ បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលជំនាញ និង​អាហា​រូប​ករណ៍​ផ្សេងៗទៀត ៕
TOP