ខណ្ឌមានជ័យអនុវត្តការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមបុរី
Friday, 20 Jul 2012 13:57
ដើម្បីអនុវត្តគោលនោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល អោយមាន ប្រសិទ្ធភាព និងដើម្បីគ្រប់គ្រងបូរីនានា នៅក្នុងរាជធានីភ្នំពេញឱ្យ បានល្អប្រសើរតាមការណែនាំ របស់ ឯកឧត្តម កែប ជុតិមា អភិបាលរាជ ធានីភ្នំពេញ ក្នុងកិច្ចប្រជុំប្រចាំខែកក្កដា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ កន្លងមកនោះ នៅព្រឹកថៃ្ងទី១៩ ខែកក្កដា ឆ្នាំ២០១២ នៅសាលាខណ្ឌមានជ័យ មានរៀបចំកិច្ចប្រជុំស្តីពីការ គ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ និងការ គ្រប់គ្រងបូរី ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ និងមានការចូលរួមពីលោកមេបញ្ជាការកងរាជ អាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ នាយក-នាយករង រដ្ឋបាលខណ្ឌ លោកប្រធាន ការិយាល័យចំណុះទាំង៣ លោក-លោកស្រី ចៅសង្កាត់ទាំង១២ លោក នាយនគរបាល ប៉ុស្តិ៍ទាំង១២ និងម្ចាស់បូរីទាំងអស់ ដែលមាន ទីតាំងនៅក្នុងខណ្ឌមានជ័យ ។
នៅក្នុងកិច្ចប្រជុំនោះ លោក គួច ចំរើន អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា បច្ចុប្បន្ននៅខណ្ឌ មានជ័យ មានបូរីទាំងអស់ ២៦ បូរី ហើយបូរីទាំងនោះមានតែបូរី ផ្លាទីនីម មួយទេដែលមានច្បាប់អនុញ្ញាតជាបូរី ហើយ ក្រៅពីនេះនៅមានលក្ខណៈជាផ្ទះល្វែងនៅឡើយ ។ លោកអភិបាលខណ្ឌបានបន្តទៀតថា ម្ចាស់បូរីទាំងអស់ត្រូវតែ រៀបចំបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ អោយបានល្អ ហើយលោកអភិបាលខណ្ឌ បានលើកឡើងថា កន្លងមកនៅបូរី ផ្សេងៗនៅក្នុងរាជធានីភ្នំពេញ តែងតែកើតមានរឿងអសន្តិសុខ ជាញឹកញាប់ ប៉ុន្តែបូរីនៅក្នុងខណ្ឌមានជ័យ ពុំទាន់មាន បញ្ហាទាំងនេះទេ ហើយការប្រជុំនៅថ្ងៃនេះ គឺដើម្បីអោយម្ចាស់បូរីទាំងអស់ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ ឱ្យ បានល្អ ត្រូវគ្រប់គ្រងចំនួនប្រជាជនដែលមកស្នាក់នៅក្នុងបូរីរបស់ខ្លួន អោយបានច្បាស់លាស់ តាមការណែនាំ របស់អាជ្ញាធរ ហើយជាពិសេស នៅពេល បូរីទាំងអស់មានបញ្ហាផ្សេងៗពាក់ពន្ធនិងសន្តិសុខ សណ្តាប់ធ្នាប់ សូមអោយម្ចាស់ បូរីមានការសហការជាមួយអាជ្ញាធរជាបន្ទាន់។ ជាចុងក្រោយ លោកអភិបាលខណ្ឌ សូមថ្លែងអំណរគុណដល់ម្ចាស់បូរី និងផ្ទះល្វែងទាំងអស់ ដែលកន្លងមកបានសហការជាមួយអាជ្ញាធរ ក្នុងការគ្រប់គ្រង សន្តិសុខ សណ្តាប់ធ្នាប់ ហើយបាន ទប់ស្កាត់ មិនអោយមានរាល់បទល្មើសកើតឡើងក្នុបូរីរបស់ខ្លួន។
(ព័ត៌មានពីខណ្ឌមានជ័យ)
TOP