លោកអភិបាលរងរាជធានី ពិភាក្សា​ការ​ជួសជុល​ពង្រីក​ផ្លូវ​សម្តេច​សុធារស
Friday, 20 Jul 2012 08:30
ដោយសារវិថីសម្តេចសុធារស មានទំហំទទឹងតូចពិបាកក្នុងការធ្វើចរាចរនោះ សាលារាជធានីភ្នំពេញ មានគម្រោងពង្រីកកំណាត់វិថីនេះទំហំ ៤ម៉ែត្រ (ផ្នែក​ខាង​កើត​ទទឹង ៣ម៉ែត្រ និងខាងលិចទទឹង១ម៉ែត្រ) មានប្រវែង ៩៨៥ម៉ែត្រ។ ទន្ទឹមនោះក៏ជួបនូវផលប៉ះពាល់ផងដែរដូចជា របង​ថ្ម​របស់​អគ្គនាយក​ដ្ឋាន​ជលផល​ដែល​ជាប់​នឹង​ផ្លូវ, បន្ទប់អគ្គិសនី, បណ្តាញខ្សែអគ្គីសនី ខ្សែកាប្លិ៍ក្រោមដី និង​អាកាស​ដែល​ស្ថិត​នៅ​តាមចិញ្ចើមផ្លូវ នឹងត្រូវរុះរើរំកិល។
នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំអង្គប្រជុំ ពិភាក្សាលើការជួសជុលពង្រីកផ្លូវសម្តេចសុធារស ចាប់ពីស្តុបចំការមន ដល់មុខស្ថានទូត រុស្សី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានការចូលរួមពី តំណាងក្រុមហ៊ុន OCIC និងតំណាងអង្គភាព-មន្ទីរជំនាញពាក់ព័ន្ធ។ បន្ទាប់ពីបានពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​ជា​លទ្ធផល​អង្គ​ប្រជុំសម្រេច ក្រុមហ៊ុន OCIC ផ្តល់​ថវិការ​ដើម្បី​ជួយ​សម្រួល​ដល់​ការរុះរើរបងថ្ម​របស់​អគ្គនាយកដ្ឋាន​ជលផលដែល​ជាប់នឹងផ្លូវ ជាមុនទើបស្នើថវិកាជូនក្រុមហ៊ុនវិញ។ ចំពោះការរំកិលខ្សែអគ្គីសនី ខ្សែកាប្លិ៍ សូម​ឱ្យ​មន្ទីរ​សាធារណៈការ ធ្វើការទំនាក់ទំនងជាមួយអគ្គីសនីកម្ពុជា ពិនិត្យការងារនេះដោយប្រុងប្រយ័ត្នបំផុត ព្រោះ​ទាក់ទ​ង​នឹង​ការ​ផ្តាច់ចរន្តអគ្គីសនី ជាមួយនឹងស្ថាប័នធំរបស់រដ្ឋ ហើយត្រូវកំណត់ថ្ងៃច្បាស់លាស់ដើម្បីធ្វើការងារទាំងនេះ រួម​ទាំង​អាជ្ញាធរសង្កាត់ ខណ្ឌផងដែរ៕
TOP