ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជធានីភ្នំពេញ និងទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ក្នុងភាពជាទីក្រុងសម្ព័ន្ធមេត្រី ទីក្រុងប៊ូសានបានបញ្ជូន ក្រុមយុវជនស្មគ្រ័ចិត្តចំនួន២៦រូប ដឹកនាំដោយ Ms. Clare Kim មន្រ្តី សំរបសំរួល នៃគ្រឹះស្ថានសំរាប់សកម្មភាពអន្តរជាតិទីក្រុងប៊ូសាន (BFIA) មក បំពេញបេសកកម្ម លើការងារផ្លាស់ប្តូរ វប្បធម៌ សិល្បៈ និងកីឡាតៃក្វាន់ដូ ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១៦ ខែ កក្កដាឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
ក្នុងឱកាស្នាក់នៅរាជធានីភ្នំពេញ ក្រុមយុវជនស្ម័គ្រចិត្តបានបំពេញ ការងាររបស់ខ្លួនមួយចំនួនក្នុងនោះមាន៖ ការទស្សនកិច្ចសាលាបឋមសិក្សាផ្សារដើមគរ និងសាលាបឋមសិក្សាជ្រោយ ចង្វារ ដោយធ្វើការសំអាតជញ្ជាំងសាលា និងគូរគំនូរលើជញ្ជាំងដល់សាលាទាំងពីរ និងបានចូលរួមធ្វើការអប់រំដល់ កុមារកម្ពុជាផ្នែកសង្គមវិទ្យា សិល្បៈ កីឡា និងការលេងល្បែងកំសាន្តផងដែរ។ ជាមួយគ្នានេះក្រុមយុវជនក៍បានជួយ ឧបត្ថម្ភជាថវិកាចំនួន ២០០០ ដុល្លារ ដល់សាលានីមួយៗសំរាប់ការថែទាំនិងថែរក្សាបរិស្ថាន រួមទាំងការផ្តល់ សំភារៈសិក្សា និងសំភារៈកីឡាដល់ប្អូនសិស្សានុសិស្សទាំងពីរសាលា និងបានចូលរួមលើការងារផ្លាស់ប្តូរបទពិសោធន៍ ផ្នែកភាសាជាមួយនិស្សិតដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការ សំដែងសិល្បៈរួមគ្នាជាមួយសិល្បករ និងសិល្បការិនី នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងបាន ទស្សនកិច្ចស្វែងយល់នៅមជ្ឈមណ្ឌលកុមារគថ្លង់ភ្នំពេញថ្មី ដែលជាសកម្មភាពដ៏ជិតស្និតក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិការ រវាងទីក្រុងទាំងពីរកាន់តែប្រសើរឡើង។
ក្នុងឱកាសទទួលបាយសាមគ្គីជូនដល់ក្រុមយុវជន លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ជំនួសមុខឱ្យ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ លោកបាននាំយកនូវការផ្តំាផ្ញើ ពីសំណាក់ ឯកឧត្តមអភិបាល និងសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមយុវជនស្ម័គ្រចិត្តដែលបានខិតខំបំពេញ ការងារសប្បុរសដល់រាជធានីភ្នំពេញ។ លោកបានលើកឡើងពីការទទួលរថយន្តពន្លត់អគ្គីភ័យពីទីក្រុងប៊ូសានដែល កំពុងដំណើរការប្រើប្រាស់នៅក្នុងទីក្រុងបច្ចុប្បន្ន។ លោកសង្ឃឹមថានឹងទទួលបានសកម្មភាពនេះជាបន្តបន្ទាប់ ហើយ សូមឱ្យចំណងសាមគ្គីភាពរវាងទីក្រុងទាំងពីរកាន់តែជិតស្និតថែមទៀត។
កញ្ញា Clare Kim ក៍បានថ្លែងអំណរគុណដល់ការគាំទ្រនូវសកម្មភាពសប្បុរសធម៌ និងការយកចិត្តទុកដាក់ ពីសំណាក់សាលារាជធានីភ្នំពេញ ព្រមទាំងបានកោតសរសើរដល់ការរៀបចំទីក្រុងដែលប្រកបដោយសោភ័ណភាព ហើយប្រជាពលរដ្ឋកម្ពុជា ពិសេសប្អូនសិស្សានុសិស្សមានភាពរាក់ទាក់រួសរាយ និងបានស្វាគមន៍ដល់សកម្មភាពទាំង ឡាយដែលក្រុមយុវជនផ្តល់ជូន៕