អនុវត្តតាមលិខិតលេខ ២៧ លស.ចសម.គរម. ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ របស់សាលារាជធានីភ្នំពេញនិងសេចក្តីសំរេចលេខ ២៣៧ សជណ. ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សាលារាជធានីភ្នំពេញបានកសាង សំណុំរឿងរថយន្តមួយចំនួន ដែលបង្កគ្រោះថ្នាក់ធ្វើអោយ ខូចខាតទ្រព្យសម្បត្តិ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែលថា
រថយន្តដែលបង្កធ្វើអោយខូចខាតទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ ត្រូវបានយកមករក្សាទុកនៅ សាលារាជធានីភ្នំពេញ ចាប់តាំង ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៩ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១២ រថយន្តបង្កហេតុធ្វើអោយខូចខាតទ្រព្យសម្បត្តិ សាធារណៈ សរុបមានចំនួន
៣៩២គ្រឿង (ឆ្នាំ២០១១ មានរថយន្តបង្ក ហេតុចំនួន
១២២ករណី) ដែលធ្វើអោយខូចខាត ខឿនថ្មបែងចែកចរាចរណ៍ រនាំងដែកបែងចែក ចរាចរណ៍ បង្គោលភ្លើង បង្គោភ្លើងស្តុប បង្កាន់ដៃស្ពាន ដើមឈើ របងសក្យ មុនីចេតីយ៍ វិមានឯករាជ្យ និងសួនច្បារជាដើម។
ដោយឡែក សម្រាប់ ០៥ខែ ដើមឆ្នាំ២០១១ មានករណី គ្រោះថ្នាក់បង្កឱ្យ ខូចទ្រព្យសម្បត្តិសាធារណៈកើតឡើង ៥០ករណី ហើយ ០៥ខែ ដើមឆ្នាំ ២០១២ ដូចគ្នានេះ មានករណីកើតឡើងចំនួន ៧៩ករណី បើយើងធ្វើការប្រៀបធៀប ឃើញថាមានការកើនឡើង ២៩ករណី ដែលនេះជាប្រការមួយ គួរយកចិត្តទុកដាក់សម្រាប់អ្នកបើកបរគ្រប់រូប ព្រោះ មូលហេតុនៃគ្រោះថ្នាក់ដោយសារតែអ្នកបើកបរទាំងនោះ បើកលឿនហួសល្បឿនកំណត់ ធ្វេសប្រហែស ស្រវឹង នៅពេលបើកបរ ពិសេសបើកបរមិនគោរពច្បាប់ចរាចរណ៍។
ដូច្នេះសាលារាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបើកបររថយន្តគ្រប់ប្រភេទ មេត្តាគោរព ច្បាប់ចរាចរណ៍ ដើម្បីចៀសវាងបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិត ទ្រព្យសម្បត្តអ្នកដទៃនិងទ្រព្យសម្បត្តិ សាធារណៈ ហើយនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ស្របតាមពាក្យមួយឃ្លាថា បើស្រឡាញ់ជីវិតអ្នក ត្រូវបើកបរគោរពច្បាប់ចរាចរណ៍៕