យុវជនជាកងទ័ពស្រួច នៃការអភិវឌ្ឍន៍ និងការងារមនុស្សធម៌
Friday, 25 May 2012 08:51
នៅគ្រប់សម័យកាល គ្រប់សង្គម យុវជនមិនត្រឹមតែជាកម្លាំងដ៏ស្រួចស្រាវ មានកម្លាំងកាយ កម្លាំងចិត្ត និងស្មារតី ភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារប្រយុទ្ធគ្រប់ឧបសគ្គ និងទុក្ខលំបាកនានា ដោយគ្មានការរារែកប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងច្បាស់ណាស់ថា យុវជន គឺជាសសរទ្រូងនៃបច្ចុប្បន្នភាព និងអនាគតរបស់ប្រទេសជាតិនៃការអភិវឌ្ឍន៍។ ដោយស្របតាមស្មារតីនេះដូចអ្វីដែល សម្តេចតេជោសែន ជាប្រមុខដឹកនាំក្នុងរាជរដ្ឋាភិបាល បានថ្លែង​ក្នុង​អង្គមីទ្ទិញ​រំលឹកខួបទី១៤៩ ទិវាពិភពលោក កាកបាទក្រហម-អឌ្ឍចន្ទក្រហម ៨ឧសភា ២០១២ នៅទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ថា៖ការលើកឡើងនូវប្រធានបទថ្មី “យុវជនកំពុងនាំគ្នាធ្វើសកម្មភាព” មានខ្លឹមសារ​ពេញលេញ ក្នុងការលើកកម្ពស់ស្មារតីយុវជន ឱ្យខិតខំរួមគ្នា ពុះពារបន្ថែមទៀត លើបញ្ហាប្រឈមជាសកល សំដៅលើកកម្ពស់ គុណតម្លៃសង្គម មនុស្សជាតិ ការចូលរួមសកម្មភាពមនុស្សធម៌ និងជាការទាញ​ចំណាប់​អារម្មណ៍​របស់​មហាជន ទូទៅឱ្យយល់ពីសារៈសំខាន់របស់យុវជន។
សម្តេចតេជោ បានលើកឡើងថា យុវជនជាកងទ័ពស្រួច នៃការងារមនុស្សធម៌ និងការងារអភិវឌ្ឍន៍ជាតិ គឺសំដៅទៅលើកម្លាំងយុវជនទូទៅ​ក្នុងសកម្មភាពផ្សេងៗ​ក្នុងការងារ​លើក​ស្ទួយសង្គម មិនចំពោះតែយុវជន ក្នុង ឯកសណ្ឋានកាកក្របាទក្រហមប៉ុណ្ណោះទេ ហើយសម្តេចបានបំផុសឆន្ទះថា សូមអំពាវនាវដល់កម្លាំងយុវជនទាំងអស់ ត្រូវស្វែងយល់ថា ការឈឺចាប់របស់ជនរងគ្រោះ ដែលកំពុងដង្ហើយហៅរកការ​សង្គ្រោះនោះ គឺការឈឺចាប់ របស់ សង្គមទាំងមូល ហើយយុវជនយើងទាំងអស់ត្រូវបង្កើននូវសុឆន្ទៈមោះមុត ដើម្បី​បុព្វហេតុ​មនុស្សធម៌ និង ការអភិវឌ្ឍសង្គមតាមរយៈការចូលរួមនៅក្នងចលនា និង សកម្មភាពរបស់​កាកបាទ​ក្រហម​កម្ពុជា។
ដោយឡែកសកម្មភាព សមាគមយុវជនកម្ពុជាអង្គភាពសាលារាជធានីភ្នំពេញ បានបោះជំហានស្របតាមអត្ថន័យ និងខ្លឹមសារខាងលើដោយបានធ្វើសកម្មភាព និងកំពុងធ្វើសកម្មភាព ក្នុងការងារមនុស្សធម៌ ព្រមទាំង​សំដៅ​រួមចំណែក​អប់រំ និងលើកកំពស់សីលធម៌ដល់យុវជនឱ្យក្លាយជាកម្លាំងស្នូលរបស់សង្គមជាតិ។ សមាគមយុវជនកម្ពុជាអង្គភាព សាលារាជធានីភ្នំពេញ ដោយមានសមាជិក ៩៣រូប សុទ្ធសឹងជាមន្ត្រីជា​យុវជន​វ័យ​ក្មេង​កំពុងបំរើការងារ នៅសាលារាជធានីភ្នំពេញ។ ក្រៅពីម៉ោងការងាររដ្ឋ ជាការប្រសើរបំផុត​សំរាប់យុវជន​អង្គភាព​សាលារាជធានី​ភ្នំពេញ ក្នុងការបំពេញការងារមនុស្សធម៌។
កត្តាទាំងនេះគឺកើតឡើងពីឆន្ទះការយកចិត្តទុកដាក់នៃការជួយជ្រោមជ្រែង ទាំងផ្នែកសម្ភារៈ និងការ​បំផុស​ស្មារតីពីសំណាក់ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងជាប្រធាន​កិត្តិយសគណៈកម្មាធិការ​កាកបាទក្រហមរាជធានីភ្នំពេញ និងលោកជំទាវ ដែលជាការជម្រុញថាមពលកម្លាំងចិត្តដល់ សមាជិក-សមាជិកា​នៃអង្គភាព​យុវជនកម្ពុជាសាលារាជធានីភ្នំពេញ។ នៅក្នុងឱកាសអង្គមីទ្ទិញថ្នាក់ជាតិ អបអរខួបទី ១៤៩ ទិវា​ពិភព​លោក​កាកបាទក្រហម ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានបរិច្ចាគទឹកប្រប្រាក់ ៣០ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក ជាការស្តែងចេញឱ្យឃើញនូវការអនុវត្តតាមស្មារតីនៃ «វប្បធម៌ចែករំលែក» ដើម្បីឆ្លើយ​តប​ក្នុងការ​ឧបត្ថម្ភគាំពារជនក្រីក្រ និងអ្នករងគ្រោះដោយមហន្តរាយផ្សេងៗទៀត៕
TOP