ស្ពានព្រះមុនីវង្សចាស់ នឹងត្រូវបានជួសជុលកែលំអ
Thursday, 24 Nov 2011 16:01
អនុវត្តតាមយុទ្ធសាស្រ្ត “ជំហានគីង្គក់” របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី រាជធានីភ្នំពេញ មានការអភិវឌ្ឍន៍ រីកចម្រើនគួរឲ្យកត់សម្គាល់នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ ទីក្រុង រួមមាន ផ្លូវ ស្ពាន ជាដើម ដែលសមិទ្ធិផលនេះបានជួយ សម្រួលប្រជាពលរដ្ឋឲ្យមានភាពធូរស្រាលក្នុងជីវភាព រស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងកសាងនូវបណ្តាសមិទ្ធិផលថ្មីៗទាំងឡាយ សាលារាជធានីភ្នំពេញ ក៍បានបន្តយកចិត្តទុកដាក់ ក្នុងការជួសជុលកែលំអ និងថែទាំទៅលើសមិទ្ធិផលដែលមានស្រាប់ ធ្វើយ៉ាងណាឲ្យសមិទ្ធិផលទាំងអស់នេះ បានដើរ ទន្ទឹមគ្នា ក្នុងការលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យបានល្អស្រស់ប្រឹមប្រីយ៍ និងបានជួយដល់ប្រជាពលរដ្ឋ បាន ធ្វើដំណើរ និងប្រើប្រាស់កាន់តែមានភាពងាយស្រួល។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ចុះពិនិត្យការងារជួសជុលស្ពានព្រះមុនីវង្សចាស់ ដោយចាក់កៅស៊ូអាស្វាល់ (Asphalt Concrete) នៅលើផ្ទៃស្ពាន ទាំងស្រុងឡើងវិញ ដែលក្រុមហ៊ុន TCM បានដំណើរការ ជួសជុលនៅពេលយប់ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ស្អែកនេះ ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់ក្រុមហ៊ុនម៉ៅការជួសជុល ឲ្យយក ចិត្តទុកដាក់ក្នុងការចាក់កៅស៊ូនេះឲ្យស្របតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ដើម្បីឲ្យសំណង់ផ្ទៃស្ពានមានភាពរឹង មាំ និងបានប្រើប្រាស់បានយូរអង្វែង។ ឯកឧត្តម បានបន្តទៀតថា ក្នុងពេលប្រតិបត្តិការការងារ ក្រុមហ៊ុនត្រូវអនុវត្តឲ្យ បានម៉ឺងម៉ាត់ក្នុងការបញ្ជៀសចរាចរណ៍ ធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះចរាចរដែលនាំឲ្យមានការរំខានដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ។
សកម្មភាពអភិបាលពិនិត្យការដ្ឋានស្ពានព្រះមុនីវង្សចាស់

បន្ទាប់មក ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាទីលានបាល់ទាត់មួយកន្លែង ក្នុងបរិវេណវិទ្យល័យច្បារអំពៅ ដែលសាងសង់ដោយក្រុមម៉ៅការសាលាខណ្ឌមានជ័យ ក្រោមជំនួយឧបត្ថម្ភ របស់ ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម។ ក្នុងខណៈពេលកំពុងពិនិត្យការងារស្ថាបនានៅឯទីលានបាល់ទាត់ ឯកឧត្តម អភិបាល បានជម្រុញក្រុមម៉ៅការសាងសង់ឲ្យខិតខំស្ថាបនាទីលាននេះឲ្យបានរួចរាល់ជាស្ថាពរ និងបានបើកសម្ពោធ ក្នុងទិវាជំនះ ៧ មករា ឆ្នាំ ២០១២ ខាងមុខនេះ ហើយ ឯកឧត្តម នឹងចូលរួមបើកការប្រកួតដោយផ្ទាល់ ។
សកម្មភាពអភិបាលពីនិត្យទីលានបាល់ទាត់នៅវិទ្យាល័យច្បារអំពៅ
TOP